អភិបាលខេត្តតាកែវណែនាំកងកម្លាំងខិតខំពង្រឹងសមត្ថភាព ដើម្បីការពាររាជរដ្ឋាភិបាល និងប្រទេសជាតិ

តាកែវ៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តយកចិត្តទុកដាក់ហ្វឹកហាត់ឲ្យបានក្លាំងក្លាបន្ថែមទៀត ពោលធ្វើយ៉ាងណា ពង្រឹងនិងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីចូលរួមការពាររាជរដ្ឋាភិបាលស្របច្បាប់និងប្រទេសជាតិពីការឈ្លានពានពីបរទេសប្រទេសជិតខាង។

ថ្លែងនៅក្នុងឱកាសអញ្ជើញ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាពយោធា ឆ្នាំ២០២៥ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ កងកម្លាំងទាំង៣ប្រភេទ រួមនឹងនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀត។

ឯកឧត្តម វ៉ី សំណាង បានថ្លែងថាស្របពេលប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះអាវុធយោទោបករណ៍ក៏កាន់តែទំនើប ដែលទាមទារអោយកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់សិក្សាស្វែងយល់រៀនសូត្រ ពីរបៀបប្រើប្រាស់ តាមរយៈការចូលរួមវគ្គហ្វឹគហ្វឺនអោយបានច្រើនដែលអង្គភាពបានរៀបចំ។
ឯកឧត្តមអភិបាលខេត្តបន្តថាការបង្កើនសមត្ថភាពយោធាអោយបានក្លាំងក្លាមិនមែនដើម្បីសម្រាប់ទៅឈ្លានពានប្រទេសជិតខាងនោះទេ គឺដើម្បីជាខែលដ៏រឹងមាំក្នុងការការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិពីក្រុមចោរឈ្លានពាន ដែលបានមានបំណងចង់បានទឹកដីខ្មែរ ដោយមិនឲ្យបានបង់សូម្បី១មីលីម៉ែត ក៏ដូចជាលើកកម្ពស់វិស័យការពារជាតិរបស់យើងអោយកាន់តែរីកចម្រើនផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី ៣ បានថ្លែងថាក្នុងបញ្ហាជម្លោះរវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងអនុវត្ដយុទ្ធសាស្រ្តស្ងាត់តែមិនស្ងៀម រហូតមានការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេសថៃ ក្រោមកិច្ចសម្របសម្រួលពីប្រទេសអាមេរិក និងម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា កន្លងទៅនេះ។

ឯកឧត្តមបន្តថាបច្ចុប្បន្ននេះស្ថានភាពនៅព្រំដែនកំពុងមានភាពតានតឹង ដោយភាគីថៃបានប្រើគ្រប់ឧបាយកលមកលើកម្ពុជាជាលេសចោទប្រកាន់កម្ពុជាថាមិនបានគោរពកិច្ចព្រមព្រៀងសន្ដិភាព ផ្ទុយទៅវិញកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួន ព្រោះកម្ពុជាត្រូវការសន្ដិភាព មិនត្រូវការសង្គ្រាមនោះ ព្រមទាំងបានស្វែងរកិច្ចសហការពីភាគីពាក់ព័ន្ធដើម្បីឈានទៅបញ្ចប់ជម្លោះដោយសន្ដិវិធី នាំមកនូវសន្ដិភាពជូនប្រជាជន និងប្រទេសជាតិផងដែរ ៕