តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ប្រមាណជាង៤០០នាក់ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំកំពូល ចំពោះសុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជន និវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិ ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងបន្តថា ការរៀបចំពិធីប្រកាសសមាសភាពគណៈកម្មាធិការខេត្ត គឺជាការជំរុញនូវការសម្របសម្រួល និងការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់ថ្នាក់ដឹកនាំសមាគមខេត្ត ជូនអតីតយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានទី១ តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន រហូតដល់សព្វថ្ងៃ”។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមក្នុងខេត្តតាកែវទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន តម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធល្អប្រសើរ ដើម្បីរួមគ្នាជាធ្លុងមួយ ធានារក្សាបាននូវសុវត្ថិភាពសង្គម និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តតាកែវ ដែលទើបទទួលបានការប្រកាសសមាសភាពថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ទំនុកចិត្ត សម្រេចតែងតាំងរូបលោក ជាប្រធាន អនុប្រធាន ព្រមទាំងសមាជិក សមាជិកា បន្ថែមទៀត។
ឯកឧត្តមបានប្ដេជ្ញាចិត្តដឹកនាំសមាគម ដោយគោរព និងប្រតិបត្តិខ្ជាប់ខ្ជួន នូវលក្ខន្តិកៈរបស់សមាគម ព្រមទាំងផ្តោតលើការងារសំខាន់ៗដូចជា ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាព របស់បងប្អូនជាសមាជិក តាមរយៈការចុះក្តាប់ជាប់នូវស្ថានការណ៍ជាក់ស្តែង ផ្តល់ការគាំទ្រចំពោះសមាជិកដែលជួបការខ្វះខាត កំពុងមានជំងឺ ឬការជួយអន្តរាគមន៍នានា យកចិត្តទុកដាក់ខ្ពស់ចំពោះការងារ បេឡាមរណៈសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាព ឱ្យទាន់ពេលវេលា ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងសប្បុរសជននានា ក្នុងការទទួលបានគម្រោងអភិវឌ្ឍន៍សម្រាប់បម្រើដល់ផលប្រយោជន៍អតីតយុទ្ធជន និងនិវត្តជន។
ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តតាកែវ ឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕








Leave a Reply